Friday, October 6, 2017

(Backup) និមិត្តរូប​នាគ ក្នុង​ជំនឿ​ខ្មែរ

និមិត្តរូប​នាគ ក្នុង​ជំនឿ​ខ្មែរ

​នាគ ជា​សត្វ​ដ៏​អស្ចារ្យ​មួយ ដែល​យើង​ធ្លាប់តែ​ឮ​ក្នុង​រឿងព្រេង​និទាន និង​ទេវ​កថា ប៉ុណ្ណោះ​។ ក្នុង​ទេវ​កថា​វិទ្យា​ឥណ្ឌា​-​ខ្មែរ ប្រភេទ​នាគ​ត្រូវបាន​កំណត់ដោយ​ចំនួន​ក្បាល​។ មិនតែប៉ុណ្ណោះ​ទៀតសោត នាគ​ទាំងនោះ​សុទ្ធសឹងតែ​មានឈ្មោះ​ខុសៗ​គ្នា​ទាំងអស់​។ វត្តមាន​របស់​នាគ​ទាំងនោះ ត្រូវបាន​គូសបញ្ជាក់​តាមរយៈ​វិស័យ​សិល្បៈ​មុនដំបូង​បង្អស់ នៅ​អំឡុង​សតវត្ស​ទី​១-៣ នៃ​គ​.​ស ជា​សម័យ​កាលដែល​ប្រទេស​កម្ពុជា​ស្ថិតក្រោម​ឥទ្ធិពល​វប្បធម៌​ឥណ្ឌា​។ ​និមិត្តរូប​នៃ​សត្វ​អច្ឆរិយ​ដ៏​មាន​មហិទ្ធិឫទ្ធិ​ទាំងនេះ មិនមែន​ពាក់ព័ន្ធ​តែ​ទៅនឹង​វិស័យ​សិល្បៈ​ស្ថាបត្យកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ពាក់ព័ន្ធ​ទៅនឹង​ជំនឿ​សាសនា រវាង​ព្រហ្មញ្ញសាសនា ទាំង​ព្រះពុទ្ធសាសនា​ផងដែរ ដែល​ត្រូវបាន​នាំចូល​ពី​ឥណ្ឌា ចូលមកក្នុង​ប្រទេស​ខ្មែរ​បុរាណ​តាមរយៈ​លទ្ធិ​ព្រហ្មញ្ញសាសនា និង​ព្រះពុទ្ធសាសនា​។ ​



ម្យ៉ាងវិញទៀត តាមរយៈ​រឿងព្រេង​និទាន​តៗ​គ្នា ដែល​និយាយ​អំពី​ដើមកំណើត​ខ្មែរ នៅ​លើដី​សុវណ្ណ​ភូមិ ប្រជាជន​ខ្មែរ​ភាគច្រើន​យល់ថា ពួកគេ​មាន​ខ្សែស្រឡាយ​ពី​ព្រះ​នាងនាគ​ជា​បុត្រី​ស្តេច​ភុជង្គនាគ និង​បុរស​ជា​មនុស្សលោក​ម្នាក់​ឈ្មោះថា​ព្រះថោង ដែល​រស់នៅ​លើទឹក​ដីគោក​ធ្លក រហូត​បង្កើតបានជា​ប្រទេសមួយ ហៅថា​កម្ពុជទេស ឬ​ប្រទេស​កម្ពុជា​សព្វថ្ងៃនេះ​។ ប្រជាជន​យើង​ចាត់ទុកថា​ខ្មែរ​ទាំងអស់​មានអំបូរ​ពិតប្រាកដ​របស់ខ្លួន​គឺ អំបូរ​នាគ ។ បឋម​រាជ​នី​របស់​ខ្មែរ គឺ​ព្រះ​នាង​សោមា ឬ​នាងនាគ ដែលជា​ជនជាតិ​អំបូរ​នាគ ដែល​លំដាប់​តរៀងមក​ប្រជាជន​ខ្មែរ​យើង​បាន​ភ្ជាប់​ជាតិ​សាសន៍​របស់ខ្លួន​ទៅជា​ពូជ​នាគ គឺ​ពិរុណ​នាគ​នេះឯង ។​ ​ចាប់ពីពេលនោះ​មក​សំណង់​ស្ថាបត្យកម្ម​ទាំងឡាយ​របស់​ខ្មែរ​តែងតែ​មានការ រចនា​លម្អ​ទៅដោយ​ក្បាច់​នាគ​យ៉ាង​ល្អ​វិចិត្រ​ដែល​មិន​អាចមាន​ស្នាដៃ​ណា អាច​ប្រៀបផ្ទឹម​បានឡើយ ហើយ​ជា​និមិត្តរូប​នៃ​ពូជពង្ស​សាវតារ​ខ្មែរ​គឺ​អំបូរ​នាគ​នេះឯង​។



នៅតាម​ប្រាសាទបុរាណ​យើង​តែងតែ​ឃើញ​មានការ​រចនា​លម្អ​ដោយ​ក្បាច់​នាគ​បង្កាន់ដៃ​នាគ​ដែលជា​ស្ពាន​ឥន្ទធនូ​ត​ភ្ជាប់​ទៅ​ឋាន​ទេវលោក​។ នា​គជា​យានជំនិះ​របស់​ព្រះ​ភិ​រុណ​តំណាង​ឲ្យ​ទឹកភ្លៀង​ដែល​ផ្ដល់​ភាពត្រជាក់ត្រជុំ និង​ផ្ដល់​ផល​កសិកម្ម ។ ​នៅក្នុង​សំណង់​សាសនា នាគ​មានឈ្មោះ​ជាច្រើន ហើយ​ការហៅ​ឈ្មោះ​នោះ​ទៀតសោត គឺ​ខ្មែរ​ហៅ​ទៅតាម​ចំនួន​ក្បាល ដែល​ចំនួន​ក្បាល​នោះ​សុទ្ធតែជា​ចំនួនសេស ដ្បិត​គេ​ជឿថា​ចំនួនសេស តំណាង​ឲ្យ​ភាព​មិនចេះ​ស្លាប់​។ តាម​គំនូរ និង​ចម្លាក់​ខ្លះ នាគ​មាន​ក្បាល​១ ក្បាល​៣ ក្បាល​៥ ក្បាល​៧ ក្បាល​៩ ក៏មាន​។ ជួនកាល​ទៀត មាន​រូបរាង​យ៉ាង​ចម្លែក ទាំង​ភ្នែក មុខមាត់​ស្រកា ជួន​ក៏មាន​ជើង​ទៀតផង​។ នាគ​មាន​ក្បាល​៣ (​នា​គក​ល្យ​:) ក្បាល​៥ (​នាគ​អនន្ត​) ក្បាល​៧ (​នាគ​មុជ្ជ​លិ​ន្ទ​) និង​ក្បាល​៩ (​នាគ​វ៉ា​សុ​គិ​: ឬ​សេសៈ​) ។



ចំណែកឯ នាគ​ដែលមាន​ក្បាល​១​វិញ គេ​ច្រើនតែ​ប្រទះ​នៅ​សម័យថ្មីៗ​នេះ​ដែល​ភាគច្រើន​គេ​តែង​ឆ្លាក់​លំអ​នៅលើ​របស់របរ​ប្រើប្រាស់​ផ្សេងៗ​។​ ​ខ្មែរ​ជឿថា នា​គជា​សត្វ​មាន​អានុភាព និង​ឫទ្ធានុភាព ហើយ​អាច​កាឡាខ្លួន​ជាម​នុស្ស ឬ​ពាក់កណ្តាល​មនុស្ស​ក៏បាន​។ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ដែលមាន​មនុស្ស​ជាច្រើន​ស្វែងរក ក៏ដូចជា​បង្ហាញ​ពី​រូបរាង​ពិតប្រាកដ​របស់​សត្វ​នាគ តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​មិនទាន់មាន​អំណះអំណាង​ណាមួយ ពី​រូបរាង​ពិត​របស់​សត្វ​ដែល​ប្រកបដោយ​មហិទ្ធិឫទ្ធិ​នេះ​ឱ្យបាន​ជាក់ច្បាស់​នៅឡើយ​ទេ​។ ប៉ុន្តែ នៅក្នុង​គំនិត​របស់​មនុ​ស្សភាគ​ច្រើន នៅតែ​ជឿជាក់ថា​សត្វ​ដ៏​អស្ចារ្យ​នេះ នៅមាន​ជីវិត​នៅលើ​ផែនដី​នៅឡើយ ដែល​ជួនកាល​អាច​ទៅ​ជ្រក​នៅ​ទី​អាថ៌កំបាំង​មួយ​ពី​ភ្នែក​របស់​អ្នកដទៃ​ហើយនឹង​ផុសចេញ​នៅ​ថ្ងៃ​ណាមួយ​មិន​ខាន​។​ ​និមិត្តរូប​នៃ​នាគ បើ​និយាយ​ចំពោះ​ប្រជារាស្ត្រ​ខ្មែរ​វិញ នាគ​មាន​អត្ថន័យ​ខ្ពង់ខ្ពស់​ណាស់ ព្រោះ​ជានិច្ចកាល ខ្មែរ​តែង​គោរពបូជា​ដល់​សត្វ​នេះ​។



គេ​យល់ថា នាគ​គឺជា​និមិត្តរូប​នៃ​ភាពត្រជាក់ត្រជុំ ជា​ស្ពាន​ចម្លង​ពី​ឋានមនុស្ស​ទៅ​ឋាន​ទេវតា និង​ជា​និមិត្តរូប​នៃ​ការការពារ​និង​ថែរក្សា​ស​ម្ប​តិ្ត​ប្រកបដោយ​មហិទ្ធិឫទ្ធិ ហើយ​ការការពារ​នោះ​កាន់តែ​ស័ក្តិសិទ្ធិ​ចំពោះ​សត្រូវ​ដែល​មើលមិនឃើញ ដែល​ព្យាយាម​បៀតបៀន​ដោយ​អំពើ​ធ្មប់ ឬ​ចំពោះ​ខ្មោច​ព្រាយ​បិសាច ដែល​ប៉ុនប៉ង​យាយី​។ នៅក្នុង​ស្ថានភាព ដែល​លំបាក​ទន់ខ្សោយ ឬក៏​ត្រូវគេ​ឈ្លានពាន​នោះ ប្រជារាស្ត្រ​ខ្មែរ​ជឿជាក់ថា នឹងមាន​ពេលណា​មួយ​នាគ​នឹង​ផុស​ឡើង​នៅលើ​ទឹកដី​កម្ពុជា ហើយ​ជួយ​ឱ្យ​ទឹកដី​នេះ ប្រកបដោយ ភាពសម្បូរ​សប្បាយ​និង​កម្ចាត់​អស់​សត្រូវ​ទាំងពួង​។ ដ្បិត​ពួកគេ​មាន​ខ្សែស្រឡាយ នឹង​សត្វ​នាគ ម្ល៉ោះហើយ ទើប​សត្វ​នាគ មិន​ចាក​ឆ្ងាយ​ចោល​ទឹកដី និង​កូនចៅ​របស់ខ្លួន​ឡើយ​។​ ​បើ​ពិនិត្យ​ទៅលើ​សំណង់​សាសនា សំណង់​សាធារណៈ​ផ្សេងៗ​ទៀត ដូចជា​ប្រាសាទ ឬ​ព្រះវិហារ​ជាដើម នៅតាម​ដំបូល ជញ្ជាំង ឬ​សសរ​ជាដើម គេ​តែង​ឆ្លាក់​រូប​នាគ​នៅក្នុង​បំណង​ដើម្បី​ជួយ​ការពារ មរតក​ទ្រព្យសម្បតិ្ត ឬ​ការពារ​ទីឋាន​ដ៏​ពិសិដ្ឋ​ទាំងនោះ ពី​មនុស្ស​អាក្រក់ ឬ​សភាវៈ​អាក្រក់​ដែល​មក​បៀតបៀន​។



ចំណែកឯ​នាគ​ដែល​គេ​ឆ្លាក់​លម្អ​នៅតាម​បង្កាន់ដៃ ក្បាលស្ពាន ឬ​នៅតាម​ផ្លូវ​ដើរ​មួយចំនួន​ផ្សេងទៀត​នោះ ក៏​តំណាង ឱ្យ​ការការពារ​និង​ការភ្ជាប់​ទំនាក់ទំនងរ​វាង​ឋានមនុស្ស និង​ទេវលោក​ដែលជា​ឋាន​សុខ​ដែល​មនុស្ស​គ្រប់រូប​តែងតែ​ប៉ងប្រាថ្នា​។ ចំណែកឯ​សម្ភារៈប្រើប្រាស់ និង​គ្រឿង​តុបតែង​លម្អ​ខ្លួន​ទាំងឡាយ ដែលមាន​ឆ្លាក់​រូប​នាគ ពួកគេ​មានជំនឿថា ធ្វើឱ្យ​អ្នកប្រើប្រាស់​កាន់តែ​មាន មហិទ្ធិឫទ្ធិ និង​កិត្តិយស​ហើយក៏​ជា​និមិត្តរូប នៃ​ភាពត្រជាក់ត្រជុំ ដល់​ពួកគេ ថែម​ទៀតផង​។​

​នាគ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ 

​បើ​យើង​មើល​ពី​ជីវភាព​ប្រចាំថ្ងៃ របស់​ខ្មែរ​វិញ​យើង​ឃើញ​មាន​ពិធី​ជាច្រើន ដែល​ទាក់ទង​នឹង​នាគ ដែល​ពិធី​ទាំងនោះ សុទ្ធសឹងតែ​ជា​ពិធី​នាំមក​នូវ​សិរី​សួស្តី​ជ័យ​មង្គល ដល់​ក្រុមគ្រួសារ​ដូចជា​ពិធី​បំបួស​នាគ ដែល​គេ​ធ្វើឡើង នៅពេល​ក្មេងប្រុស​សាង​ផ្នួស ជា​សាមណេរ​នៅក្នុង​ព្រះពុទ្ធសាសនា​។​ល​។​



​នៅក្នុង​ទេវ​កថា ប្រវត្តិ​កំណើត​នាគ​មាន​ដូចតទៅ ៖ ១-​នាគ​សេសៈ ឬ​អនន្ត​: ឬ​វា​សុ​គិ​: ជា​សត្វ​នាគ​ដែលមាន​ដើមកំណើត​ពី​ការ​ផ្គុំ​ធាតុ​កើតឡើង​ឯងៗ មានជីវិត​អមតៈ មានកំណើត​នៅ​ឋាន​ទេវលោក​។​

២-​នាគ​មុជ្ជ​លិ​នៈ មាន​ដើមកំណើត​នៅ​បាត​ស្ទឹង​ហិ​រ​ញ្ជៈ ជា​នាគ​ដែល​តែងតែ​ផ្ដល់​សេចក្ដីសុខសាន្ត ដល់​មនុស្សលោក​ទាំងឡាយ និង​បាន​ជួយ​ធ្វើជា​ទម្រ​ឲ្យ​ផុត​អំពី​ទឹកភ្លៀង​ជន់​ជោរ និង​បាន​បើក​ពពារ​ប្រក់ ការពារ​ទឹកភ្លៀង ព្រះ​សុទ្ធោទនៈ ដើម្បី​ឲ្យ​ព្រះអង្គ​បាន​ត្រាស់​ជា​ព្រះសម្មាសម្ពុទ្ធ​។​

៣-​នាគ​កា​ល្យៈ មាន​ដើមកំណើត​ចន្លោះ​ឋាន​ទេវលោក និង​ឋាន​មនុស្សលោក​។ នាគ​នេះ​មាន​លំនៅ នៅ​បាតសមុទ្រ​។​

៤-​នាគ​ពិរុណ​នាគ : មាន​អាយុ​វែង​ឥត​ព្រំដែន​កំណត់ ជា​ស្ដេច​ដែល​គ្រប់គ្រង​ពិភពនាគ​នៅ​បាតាល​លោក​។​



​ក្នុង​ប្រវត្តិ​ចម្លាក់​សត្វ​នាគ សិល្បករ​ខ្មែរ​ច្រើន​បង្ហាញ​ក្រោម​ទម្រង់​ជានា​គ​ក្បាល​១ នាគ​ក្បាល​៣ នាគ​ក្បាល​៥ នាគ​ក្បាល​៧ និង​នាគ​នាគ​ក្បាល​៩​។ ចំពោះ​នាគ​ក្បាល​គូ​ជា​នាគ​ឈ្មោះ​កា​ល្យ ដែល​ត្រូវបាន​សម្លាប់​ដោយ​ព្រះ​វិស្ណុ​។ សិល្បករ​ខ្មែរ រចនា​ចំនួន​ក្បាល​នាគ​ខុសៗ​គ្នា​ទៅតាម​និមិត្តរូប​ដូចខាងក្រោម​៖ 

-​នាគ​ក្បាល​មួយ : គេ​និយម​ឆ្លាក់​នាគ​ក្បាល​មួយ​ដាក់​នៅលើ​ដំបូល​ព្រះវិហារ​វត្ត​អារាម ដំណាក់​ស្ដេច ឬ​លំនៅឋាន​របស់​អាទិទេព​។ នាគ​ក្បាល​មួយ ជា​និមិត្តរូប​ពិសេស​: មានន័យថា​អ្វីៗ​នៅក្នុង​លោក​ដែល​រលាយ​សាបសូន្យ​ទៅនោះ​នៅសល់តែ​សេស​: មួយគត់​ដែលមាន​ជីវិត​អមតៈ​នាំមក​នូវ​ជ័យជំនះ និង​សុភមង្គល​។​



-​នាគ​ក្បាល​បី : នៅក្នុង​ព្រាហ្មណ៍​សាសនា នាគ​ក្បាល​បី តំណាង​ឲ្យ​លទ្ធិ​ត្រី​ម៌ូ​តិ​ដែល​ក្បាល​កណ្ដាល​តំណាង​ឲ្យ​ព្រះ​សី​វៈ ក្បាល​ខាងស្ដាំ តំណាង​ឲ្យ​ព្រះព្រហ្ម និង​ក្បាល​ខាងឆ្វេង តំណាង​ឲ្យ​ព្រះ​វិស្ណុ​។ ម្យ៉ាងទៀត ក្បាល​ទាំងបី ក៏​តំណាង​ឲ្យ​ឋាន​ទេវលោក ឋាន​បាតាល​លោក និង​ឋាន​មនុស្សលោក ផងដែរ​។

​ឯ​ក្នុង​សំណង់​ព្រះពុទ្ធសាសនា​វិញ ក្បាល​នាគ​នៅ​កណ្ដាល​តំណាង​ឲ្យ​ព្រះពុទ្ធ​អង្គ​ក្បាល​នាគ​ខាងស្ដាំ​តំណាង​ឲ្យ​ព្រះធម៌ និង​ក្បាល​នាគ​ខាងឆ្វេង​តំណាង​ឲ្យ​ព្រះសង្ឃ​។​

-​នាគ​ក្បាល​ប្រាំ : នៅក្នុង​ព្រាហ្មណ៍​សាសនា នាគ​ក្បាល​ប្រាំ តំណាង​ឲ្យ​ទិស​ទាំង​ប្រាំ​គឺ​ទិសខាងកើត​ឬ​បុព្វវិទេហៈ ទិស​ខាងលិច​ឬ​ឧ​បរ​គោ​យានៈ ទិស​ខាងជើង​ឬ​ឧ​ត្ត​រ​គរុ ទិស​ខាងត្បូង​ឬ​ជម្ពូទ្វីប និង​ទិស​កណ្ដាល​ឬ​ព្រហ្មចារ្យ​:​។ ទិស​ទាំង​ប្រាំ​នេះ ជា​ទិស​នៃ​ទន្លេ​សួគ៌​ទាំង​ប្រាំ​គឺ ទន្លេ​គង្គា ទន្លេ​ឥ​ណ្ឌុ ទន្លេ​យាមា​ណា ទន្លេ​ព្រហ្ម​បុត្រ និង​ទន្លេ​សរស្វតី​។ ​ឯ​នៅក្នុង​ព្រះពុទ្ធសាសនា​វិញ នាគ​ក្បាល​តំណាង​ឲ្យ​ព្រះ​ជិនស្រី​ទាំង​ប្រាំ​អង្គ​គឺ​ព្រះ​ក​ស្សបៈ ព្រះ​កុស​ន្ធោ ព្រះ​កោ​នាគ​មនោ ព្រះ​សមណ​គោត្ត​ម និង​ព្រះ​សិ​អារ្យ​មេត្រី​។ ក្បាល​ទាំង​ប្រាំ​តំណាង​ឲ្យ​បញ្ចសីល​ដែល​មនុស្ស​កើតមក​ត្រូវតែ​ប្រតិបត្តិ​។



-​នាគ​ក្បាល​ប្រាំពីរ : ទាំង​ក្នុង​ព្រះពុទ្ធសាសនា និង​ព្រាហ្មណ៍​សាសនា នាគ​ក្បាល​៧ តំណាង​ឲ្យ​ពិភព​ចក្រ​វា​ឡ​ទាំង​ប្រាំពីរ គឺ​ព្រះ​ច័ន្ទ ព្រះ​អង្គារ ព្រះ​ពុធ ព្រះ​ព្រហស្បតិ៍ ព្រះ​សុក្រ ព្រះ​សៅរ៍ និង​ព្រះអាទិត្យ ដែលជា​អាទិទេព​គ្រប់គ្រង​មហាសមុទ្រ​ទាំង​៧ និង​ភ្នំ​ទាំង​៧ ដែលមាន​ឈ្មោះថា សីទន្តរ​សត្តបរិភណ្ឌ​។​

-​នាគ​ក្បាល​ប្រាំបួន : នាគ​ក្បាល​ប្រាំបួន​តំណាង​ឲ្យ​អំណាច​ចក្រ​វា​ឡ​និង​អំណាច​នៃ​ភាព​អមតៈ​ទាំង​៩ ប្រការ​គឺ អំណាច​អមតៈ នៃ​ផ្គរ​រន្ទះ​ប្រចាំ​ទិសខាងកើត អំណាច​អមតៈ​នៃ​ព្រះ​អគ្គី​ប្រចាំ​ទិសអាគ្នេយ៍ អំណាច​អមតៈ តំណាង​ឲ្យ​ច្បាប់​នីតិ​តុលាការ​ប្រចាំ​ទិស​ខាងត្បូង អំណាច​អមតៈ​នៃ​ខ្មោច​ព្រាយ​បិសាច​ប្រចាំ​ទិសនិរតី អំណាច​អមតៈ​នៃ​ភ្លៀង​ប្រចាំ​ទិស​ខាងលិច អំណាច​អមតៈ​នៃ​ខ្យល់​ប្រចាំ​ទិស​ពាយព្យ អំណាច​អមតៈ នៃ​ទ្រព្យសម្បត្តិ​និង​សោភ័ណភាព​ប្រចាំ​ទិសឧត្តរ អំណាច​អមតៈ​នៃ​ការដុត​រំលាយ​លោក​ប្រចាំ​ទិសឦសាន និង​អំណាច​អមតៈ​នៃ​ព្រហ្មចារ្យ​ការគ្រប់គ្រង​លោក និង​ការការពារ​ថែរក្សា​លោក ។



ចំពោះ​ចម្លាក់​នាគ​ដែលមាន​ក្បាល​បែរ​ទាំងសងខាង គឺ​ក្បាល​ខាងមុខ​តំណាង​ឲ្យ​ការកើត ក្បាល​បែរ​ទៅក្រោយ​តំណាង​ឲ្យ​ការស្លាប់​ដែលជា​ដំណើរ​វិល​ទៅ​វិល​មក​ក្នុង​វាលវដ្ដសង្សា​របស់​អាត្ម័ន​។​ ​នាគ​ទាំង​ប៉ុន្មាន​ដែល​លើកឡើង​ពី​ខាងដើម​មកនេះ គឺជា​នាគ ដែលមាន​តួនាទី​ផ្សេងៗ​គ្នា​នៅក្នុង​ព្រហ្មញ្ញសាសនា និង​ព្រះពុទ្ធសាសនា ដូចជា​នាគ​ក្នុង​ព្រហ្មញ្ញសាសនា មាន​នា​គក​ល្យ​: ក្នុង​រឿង​មហាភារតៈ ជា​នាគ​តំណាងឱ្យ​សភាវៈ​អាក្រក់​។ នាគ​អនន្ត​ជា​គ្រែ​ផ្ទុំ​របស់​ព្រះ​នារាយណ៍ នៅលើ​លំហ​អាកាស នាគ​វ៉ា​សុ​គី​: ឬ​នាគពាស​ស្រកី ឬ​សេសៈ គឺជា​នាគ​ដែល​ពពួក​ទេវតា និង​អសុ​រៈ​យកមក​ធ្វើជា​ខ្សែពួរ​ដើម្បី​កូរ​សមុទ្រ​ទឹកដោះ​។ រីឯ​នាគ​នៅក្នុង​ព្រះពុទ្ធសាសនា​មាន​នាគ​មុជ្ជ​លិ​ន មាន​ក្បាល​៧ ដែល​នៅចាំ​ការពារ ព្រះសម្មាសម្ពុទ្ធ ពេល​ទ្រង់​សមាធិ​ចំនួន​៧​យប់ ៧​ថ្ងៃ ដើម្បី​ការពារ​ភ្លៀង ខ្យល់ និង​កម្តៅ​។ 



​ដូចនេះ​ចម្លាក់​សត្វ​នាគ​នៅក្នុង​សិល្បៈ​របស់​ខ្មែរ​មានតម្លៃ​ជា​និមិត្តរូប​ទាំង​នៅក្នុង​ព្រះពុទ្ធសាសនា និង​ព្រាហ្មណ៍​សាសនា ហើយ​ចម្លាក់​នាគ​ក្នុង​ស្ថាបត្យកម្ម​សំណង់​ខ្មែរ មាន​នាទី​យ៉ាងសំខាន់ ទាំង​អត្ថន័យ​និង​សម្រស់​។ គេ​ប្រើ​ចម្លាក់​នាគ​នៅ​អម​សងខាង​ផ្លូវ​ទៅកាន់​ប្រាសាទ​ឬ​វត្ត​អារាម​ដែល តំណាង​ឲ្យ​ពូជសាសន៍​ខ្មែរ ជា​សម្បត្តិ​របស់​ខ្មែរ តំណាង​ឲ្យ​ផ្លូវ​ទៅកាន់ ទេវលោក ដែល​នាំមក​នូវ​ភាព​ចម្រុងចម្រើន​ត្រជាក់ត្រជុំ ជា​រៀងរហូត​តទៅ​។​ ​សេចក្តី​ដូច​បាន​បរិយាយ​ខាងដើម​នេះ គ្រាន់តែ​ជា ឧទាហរណ៍​នៃ​ផ្នែក​ខ្លះៗ ស្តីអំពី​នាគ​តែប៉ុណ្ណោះ មិនបាន​បញ្ជាក់ ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទាំងអស់​ទេ​។ ប៉ុន្តែ គ្រាន់តែ​អាចឱ្យ​យើង​យល់បាន​ថា ជំនឿ​ទៅលើ​សត្វ​នាគ​បាន​ចាក់ឫស​យ៉ាងជ្រៅ និង​មាន​ភាព​ស្មុ​គ្រ​ស្មាញ នៅក្នុង​ផ្នត់គំនិត​របស់​ខ្មែរ​គ្រប់ៗ​រូប​។ ការបង្ហាញ​នៅក្នុង​សង្គម​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ សិល្បៈ ការតុបតែង​លម្អ ឬ​ស្ថាបត្យកម្ម​នោះ សុទ្ធ​តែមាន​វត្ត​មាននៃ​នាគ​ជានិច្ច​។ ព្រោះ​ប្រជារាស្ត្រ​ខ្មែរ យល់ថា ខ្លួន​មាន​តំណពូជ​ពង្ស និង​មាន​ទំនៀម​ភ្ជាប់​ជាមួយ​នាគ​នេះ តាំងពី​យូរលង់​ណាស់​មកហើយ​៕ 

No comments:

Post a Comment