*****រមណីយដ្ថានឋានសួគ៌ បូកគោ*****
ភ្នំបូកគោ ល្បី ឈ្មោះ ដោយសារ តែ អាកាសធាតុ ត្រជាក់ ពេញ មួយ ឆ្នាំ។ ភ្នំ បូកគោ ជា ទីកម្សាន្ត ធម្មជាតិ ដ៏ សម្បូរ បែប បំផុត មិន ថា ធម្មជាតិ អាកាសធាតុ ដំណើរ កម្សាន្ត រុករក ឬ សម្រាក លម្ហែ នោះ ទេ សុទ្ធ សឹង តែ អាច ធ្វើ ឲ្យ ភ្ញៀវ ទេសចរ មាន អារម្មណ៍ រីករាយ ស្រស់ថ្លា និង អនុស្សាវរីយ៍ បំភ្លេច មិន បាន។
* ១/បដិមា លោក យាយ ម៉ៅ
បដិមា លោក យាយ ម៉ៅ មាន កម្ពស់ 29 ម៉ែត្រ ត្រូវ បាន សាងសង់ ឡើង នៅ ឆ្នាំ 2010 ស្ថិត ក្នុង ឥរិយាបថ អង្គុយ សមាធិ បែរ ព្រះភក្រ្ត សម្លឹង ទៅកាន់ ផ្ទៃ សមុទ្រ។ បដិមា លោក យាយ ម៉ៅ ដ៏ធំ សម្បើម ដែល មាន អាសនៈ លើ ភ្នំបូកគោ នេះ គឺ ជា ទីកន្លែង បូជា ថ្មី មួយ របស់ ប្រជាជន ខ្មែរ ដែល គោរព ជឿជាក់ លើ ព្រលឹង ដែល ថែរក្សា អ្នកដំណើរ ទាំងឡាយ ឲ្យ មាន សេចក្តីសុខ និង សុវត្ថិភាព។
* ២/ទឹកជ្រោះ ពពក វិល
ទឹកជ្រោះ ពពក វិល ត្រូវ បាន គេ ដាក់ ឈ្មោះ ឲ្យ សម ទៅ នឹង ការ ពិត នៃ ទីកន្លែង មួយ នេះ ដែល មាន ផ្ទាំង ពពក នៅ អណ្ដែត ត្រសែត ពី ខាង លើ ជាប់ មិន លោះ ពេល។ នៅ ក្នុង រដូវវស្សា ទឹកជ្រោះ ពពក វិល មាន សម្រស់ ស្រស់ ស្អាត និង អាច ឲ្យ ភ្ញៀវ ទេសចរ ហែល លេង បាន ។ នៅ ទីនេះ អ្នក អាច អង្គុយ សម្រាក លំហែ ដើរ គយគន់ ព្រៃ ព្រឹក្សា និង ទទួល ទាន អាហារ ថ្ងៃត្រង់ ដោយ ជ្រើស យក បរិវេណ ក្បែរ ទឹកជ្រោះ ឬ នៅ ខាង ក្នុង ភោជនីយដ្ឋាន ទឹកជ្រោះ ពពក វិល។
* ៣/ថ្ម មុខ យក្ស ឬអ្នកថែរក្សាព្រៃ
នៅ ពេល ធ្វើដំណើរ ឡើង ភ្នំ បូកគោ សូម កុំភ្លេច ឈប់ សម្រាក នៅ គីឡូម៉ែត្រ លេខ 10 ដើម្បី ផ្តិត យក រូបភាព ដ៏ ចម្លែក អស្ចារ្យ របស់ ផ្ទាំងថ្ម ដែល មាន សណ្ឋាន ជា មុខ មនុស្ស ហើយ ត្រូវបាន គេដាក់ ឈ្មោះ ឲ្យ ថា«ថ្ម មុខ យក្ស» ឬ ហៅ ម្យ៉ាង ទៀត ថា«អ្នក ថែរក្សា ព្រៃ»។ កាល ពី មុន ថ្មមុខ យក្សនេះ គឺ ជា ទីកន្លែង ដែល អ្នក ដើរព្រៃ និង អ្នកធ្វើដំណើរ នានា គោរពបន់ ស្រន់ សុំ សេចក្តីសុខ។
* ៤/បឹង លើ ភ្នំ
នៅ ចម្ងាយ ប្រមាណ 5 គម ពី រមណីយដ្ឋាន ឋានសួគ៌ បូកគោ មាន ទីកន្លែង សម្រាប់ ការ កម្សាន្ត កីឡា លើ ទឹក មួយ ចំនួន រង់ចាំ ភ្ញៀវ ទៅ កម្សាន្ត មាន ដូចជា ការ ជិះ ទា ទូក កានូ ទូក កាយ៉ាក់ និង ស្ទូចត្រី ជាដើម។ បឹង លើ ភ្នំ នេះ ផ្ទុក ទឹក ចំនួន កន្លះ លាន ម៉ែត្រ គូប
* ៥/វត្ត សំពៅ ប្រាំ
“វត្ត សំពៅ ប្រាំ”ត្រូវ បាន ដាក់ ឈ្មោះ ទៅ តាម ថ្ម ដែល ដុះ ឡើង មក មាន រាង ដូចជា សំពៅ ប្រាំ តម្រៀប គ្នា ហើយ ក៏ មាន រឿង និទាន ទាក់ទង នឹង ថ្ម សំពៅ ប្រាំ នេះ ។
វត្តសំពៅ ប្រាំ មាន ទីតាំង នៅលើ ជ្រោយ មួយ ដែល អាច មើល ឃើញ ទេសភាព នៃ ព្រៃ ព្រឹក្សា ពណ៌ខៀវ ស្រងាត់ នៅ តាម ជ្រលង ដង ភ្នំ និង ផ្ទៃ សមុទ្រ ធំ ល្វឹងល្វើយ ឆ្ងាយ សន្លឹម នៅ ខាង ក្រោម អម ដោយ ផ្ទាំង ពពក ដេរដាស គួរ ជា ទី គយគន់ ពេកក្រៃ។
* ៦/ ព្រះវិហារ កាតូលិក ចាស់
ព្រះវិហារ កាតូលិក ចាស់ ត្រូវ បាន សាងសង់ ឡើង ដោយ ជនជាតិ បារាំង នៅ ដើម ឆ្នាំ 1920 ដែល ជា ផ្នែក មួយ នៃ ការ សាងសង់ បុរី លម្ហែ លើ ភ្នំបូកគោ។ ព្រះវិហារ នេះ នៅ រក្សា បាន ទ្រង់ទ្រាយ ដើម និង មាន សភាព រឹងមាំ។ នៅ ខាងក្រោយ ព្រះវិហារ មាន ទួល មួយ ដែល ជា កន្លែង គយគន់ ថ្ងៃលិច ដ៏ លន្លង់លន្លោច និង ស្រស់ ស្អាត ជាងគេ នៅ លើ ភ្នំបូកគោ។
* ៧/ឡឺ បូកគោ ផាលេស (សណ្ឋាគារចាស់)
សំណង់ អគារ ប្រវតិ្តសាស្រ្ត មួយ នេះ ធ្លាប់ ជា សណ្ឋាគារ ដ៏ ធំ ស្កឹមស្កៃ និង ស្រស់ស្អាត មួយ នា សម័យ អាណានិគម និង រាស្រ្តនិយម។ ក្រោយ ពី ត្រូវ បោះបង់ ចោល សណ្ឋាគារ នេះ បាន ប្រែ សម្បុរ ទៅតាម កាលវេលា ប៉ុន្តែ អគារ ទាំងមូល នៅ មាន សភាព រឹងមាំ នៅ ឡើយ ហើយ បច្ចុប្បន្ន កំពុង ត្រូវ បាន ជួលជុល លាប ពណ៌ ឡើងវិញ ដោយ រក្សា នូវ ទម្រង់ ដើម ទាំង ស្រុង។
* ៨/ដំណាក់ ស្លា ខ្មៅ
ដំណាក់ ស្លា ខ្មៅ គឺ ជា អតីត ព្រះរាជ ដំណាក់ របស់ ព្រះបាទ នរោត្តម សីហនុ សម្រាក លម្ហែ ព្រះកាយ ដែល ត្រូវ បាន សាងសង់ ឡើង ពី ថ្ម និង មាន បិទ ដោយ ឈើ ស្លា ខ្មៅ នៅ ក្នុង ឆ្នាំ1936។ ថ្វី បើ អគារ ទាំងមូល នៅមាន សភាព រឹងមាំ យ៉ាងណាក្តី ប៉ុន្តែ ទ្វារ និង បង្អួច នៃ ដំណាក់ នេះ ត្រូវ បាន បាត់បង់ អស់ ទៅ ហើយ។ នៅ ទីនេះ អ្នក នឹង បាន ឃើញ ពី ទេសភាព ដ៏ ស្រស់ស្អាត គួរ ឲ្យ រំភើប នៅខាង ក្រោយ ដំណាក់ ហើយ ទីនេះ ក៏ ជា ទី កន្លែង សម្រាប់ គយគន់ ទេសភាព ថ្ងៃ រៀប លិច ដ៏ អស្ចារ្យ ផង ដែរ។
* ៩/ដំណាក់ ព្រះបាទ មុនីវង្ស ឬ ដំណាក់ ស្តេច
ដំណាក់ ព្រះបាទ មុនីវង្ស គឺជា អគារ មួយ ក្នុង ចំណោម សំណង់ អគារ ជំនាន់ អាណានិគម ដ៏ ធំ ស្កឹមស្កៃ គួរ ឲ្យ កត់ សម្គាល់ នៅ លើ ភ្នំបូកគោ។ ដំណាក់ នេះ ត្រូវ បាន សង់ សម្រាប់ ព្រះបាទ មុនីវង្ស ដើម្បី ទ្រង់ សម្រាក កម្សាន្ត ពី អាកាសធាតុ ក្តៅ ។
* ១០/វាលស្រែ100
ជា ដំបូង អ្នក ប្រហែល ជា ចាប់ អារម្មណ៍ នឹង ឈ្មោះ ដ៏ ពិរោះ របស់ ទីកន្លែង មួយនេះ បន្ទាប់ មក អ្នក ក៏ អាច នឹង ភ្ញាក់ផ្អើល ចំពោះ ទេសភាព នោះ ទីនេះ ផង ដែរ។ វា មិនមែន ជា វាលស្រែ ទេ តែ វា គឺ ជា ផ្ទាំង ថ្ម ដែល ដុះ រដិបរដុប ខណ្ឌ ចែក វាលស្មៅ ដ៏ ធំ ល្វឹងល្វើយ។ វាល ស្រែ១០០ ជាទី កន្លែង មួយ ដ៏ ស្រស់ស្អាត សម្រាប់ ការ ផិ្តត យក រូបភាព អនុស្សាវរីយ៍ នៅ ក្នុង ម៉ាស៊ីន ថត របស់ អ្នក។
* ១១/វាលស្រែ500
វាលស្រែ 500 មាន ចម្ងាយ ១៧គីឡូម៉ែត្រ ពី រមណីយដ្ឋាន ឋានសួគ៌ បូកគោ ដែល ចំណាយ ពេល ធ្វើដំណើរ ប្រហែល ជា ៣០ នាទី តាម រថយន្ត។ វាល ស្រែ500 គឺ ជា ឈ្មោះ នៃ តំបន់ ព្រៃ ភ្នំ ធម្មជាតិ មួយ កន្លែង ដែល លាក់ ខ្លួន ពួន អាត្មា ជា យូរ មក ហើយ នៅ លើ ភ្នំបូកគោ ដែល រមណីយដ្ឋាន ទើប នឹង បាន ត្រួសត្រាយ ផ្លូវ ថ្មី ឲ្យ ភ្ញៀវ បាន ចូល ទស្សនា។ នៅ ទីនេះ ក៏ ជា ជម្រក របស់ ផ្កា បំពង់ ក្រឡោម ផ្កាអ័រគីដេ ព្រៃ និង សត្វ មេអំបៅ ជាច្រើន ប្រភេទ ផង ដែរ។
* ១២/កន្លែង សមាធិ
មិនថា ទីតាំង សម្រស់ ធម្មជាតិ ឬ បរិយាកាស ឧទ្យាន ជាតិ ភ្នំបូកគោ មាន លក្ខណៈ ពិសេស ដាច់ ដោយ ឡែក ដែល កម្រ រក គូ ប្រដូច បាន សម្រាប់ ការ កម្សាន្ត ទាំង ផ្នែក ផ្លូវកាយ និង ផ្លូវចិត្ត។ នៅ មិន ឆ្ងាយ ពី រមណីយដ្ឋាន ឋាន សួគ៌ បូកគោ មាន ទីតាំង សមាធិ ដ៏ ស្ងប់ សុខ និង ស័ក្ដិសិទ្ធិ ជាច្រើន ដែល កំពុង រង់ចាំ លោកអ្នក មក សម្រាក បន្ធូរ អារម្មណ៍ ស្វែង រក ពេល វេលា ស្ងប់ សុខ សម្រាប់ ផ្លូវចិត្ត កែសម្រួល អារម្មណ៍ ឲ្យ ស្រស់ថ្លា និង រក្សា រាងកាយ និង ទឹកចិត្ត ឲ្យ មាន ថាមពល រឹងមាំ បាន ផង ដែរ។
អត្ថបទ៖ ប៊ុណ្ណារ៉ា
No comments:
Post a Comment