ស្រះស្រង់មានទីតាំងស្ថិតនៅទល់មុខខាងកើតប្រាសាទបន្ទាយក្តី
ខាងត្បូងឆៀងខាងលិចនៃបារាយណ៍ខាងកើត មានបណ្តោយ៧៨០ម និងទទឹង៣៨០ម
ត្រូវបានដូនតាខ្មែរជីកឡើងនៅចុងសតវត្សទី១២ និងដើមសតវត្សទី១៣
ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ ស្រះនេះមានរានហាលដ៏ស្រស់ស្អាត
សាងសង់ឡើងអំពីថ្មភក់ និងថ្មបាយក្រៀម ដោយមានរាងកាកបាទ
មានបង្កាន់ដៃនាគ និងមានតោឈរយាមផ្លូវផងដែរ។ ស្រះនេះសាងសង់
ដោយមានទឹកជាប់ជានិច្ច និងមានទេសភាពស្រស់បំព្រងព័ទ្ធជុំវិញ តែមិនមានប្រព័ន្ធបង្ហូរទឹកចូលនោះទេ។
ស្រះនេះពឹងទៅលើទឹកភ្លៀង និងទឹកក្រោមដី
ដែលជ្រាបចូលពីបារាយណ៍ខាងកើត។ បើតាមអ្នកបុរាណវិទ្យាខ្លះយល់ថា
ស្រះនេះជីកឡើងមិនមែនមាននាទីស្រោចស្រពកសិកម្ម
ឬជាទីសក្ការៈដូចជាកសិណអង្គរ
ឬបារាយណ៍ជាដើមនោះទេគឺកសាងឡើងសម្រាប់ការកម្សាន្តរបស់ព្រះមហាក្សត្រនាសម័យបុរាណ
និងមានកូនប្រាសាទមួយនៅចំកណ្តាល
ជាទីដែលព្រះអង្គទ្រង់យាងតាមទូកទៅស្តាប់តន្ត្រីផ្សេងៗ។
បច្ចុប្បន្ន គេអាចមើលឃើញកូនប្រាសាទនេះ
នៅរដូវប្រាំងពេលដែលមានទឹករាក់។ប៉ុន្តែក៏មានការកត់សំគាល់ខ្លះផងដែរចំពោះតួនាទីប្រាសាទដ៏តូចមួយដែលឋិតនៅចំកណ្តាលស្រះស្រង់នោះ
ដែលបង្កើតនូវជំនឿថា
ជាទឹកមន្តដ៏ស័ក្តិសិទ្ធពោរពេញដោយបារមីនិងតេជានុភាពក្នុងការលើករាសីព្រះមហាក្សត្រតាមបែបពិធីពុទ្ធរាជ
ឬក៏ការស្រោចស្រង់មនុស្សសត្វក្នុងវដ្តសង្សារនេះ។
បើពិតយ៉ាងដូច្នេះមែន
មុខងារនៃទឹកស្រះស្រង់ក៏មិនខុសពីទឹកអម្រិតនៃប្រាសាទនាគព័ន្ធប៉ុន្មាននោះដែរ។
គេធ្លាប់ឃើញតែភាពស្រស់ស្អាតនៃស្រះស្រង់
ដោយសារមានទឹកគ្រប់រដូវកាល
រហូតទាក់ទាញភ្ញៀវទេសចរចូលទស្សនាជាហូរហែមិនដែលដាច់។ ក៏ប៉ុន្តែ
កាលពីរដូវប្រាំងឆ្នាំ២០១៥កន្លងទៅនេះ
ស្រះស្រង់បានជួបប្រទះនូវបញ្ហារីងស្ងួតស្ទើរទាំងស្រុង។
នៅឆ្នាំ២០១៦កន្លងមកនេះ ដោយយមានការបារម្ភថា
ស្រះស្រង់អាចនឹងប្រឈមបញ្ហារីងស្ងួតដូចឆ្នាំមុនទៀត
អាជ្ញាធរជាតិអប្សរាអះអាងថា
បានបូមបញ្ចូលទឹកសម្រាប់ជួយសង្គ្រោះស្រះស្រង់នេះ។ ការត្រៀមខ្លួននេះ
គឺតាមរយៈការស្តារប្រឡាយដែលមានប្រវែង៧គម
ដើម្បីបង្ហូរទឹកពីទំនប់តានៀវមកបញ្ចូលក្នុងស្រះស្រង់៕
No comments:
Post a Comment