Saturday, September 9, 2017

ប្រាសាងបាគង

ដូច​ប្រាសាទលលៃ ប្រាសាទ​ព្រះ​គោ និង ប្រាសាទព្រៃមន្ទីរ ប្រាសាទបាគង​ស្ថិតក្នុង​ក្រុម​រលួស តែ ស្ថិត​ចំ​កណ្តាល​នៃ​ទីក្រុង​អង្គរ​ទី​១ ឬ​ហរិ​ហ​ល័យ ដោយមាន​ចម្ងាយ​ប្រមាណ​ជា ១២​គ​.​ម ពី​ទី​រួម​ខេត្តសៀមរាប​បច្ចុប្បន្ន ។ សូម​ជម្រាប ថា ប្រាសាទ​អង្គរ​ទាំងនោះ ស្ថិត​មិន​ឆ្ងាយ​ពីគ្នា​ប៉ុន្មាន​ទេ ពី ១ ទៅ ២​គ​.​ម កន្លះ​តែប៉ុណ្ណោះ ។​ ​ការសិក្សា​បាន​ឲ្យ​ដឹងថា​ប្រាង្គ​កណ្តាល​ឬ​តួ​ប៉ម​នៃ​ប្រាសាទ​ត្រូវបាន​ជួសជុល​នៅ ស​.​វ​ទី​១២ ក្នុង​រជ្ជកាល របស់​ព្រះបាទ សុរិយា​វរ្ម័នទី​២ ដូច្នេះហើយ ក្បាច់ក្បូរ​លំអរ​មួយចំនួន​ស្ថិតក្នុង​រចនា​ប័​ថ្ម​អង្គរវត្ត ។ សូមជម្រាបថា រវាង​ឆ្នាំ​១៩៣៦ និង ១៩៤៤ កំពូល​នៃ​ប្រាង្គ​កណ្តាល​នេះ​ដែលរ​លំបាក់ ត្រូវបាន​ជួស​ជល់​ដោយ​លោក ហ្លែ​ស្ស ។​ប្រាសាទបាគង​មាន​កំពែង ២ ជាន់ គឺ​កំពែង​ខាងក្រៅ​និង​កំពែង​ខាងក្នុង ។ កំពែង​ខាងក្រៅ​មាន​ទំហំ ៩០០x៧០០ ម៉ែត្រ ហ៊ុមព័ទ្ធ​ដោយ​គូ​ទឹក ដែល​តំណាង​ឲ្យ​មហាសមុទ្រ​នៃ​លោកធាតុ​វិទ្យា​ឥណ្ឌា ។ ផ្លូវ​ចូលកាន់​ប្រាសាទ មាន​ពីរ គឺ​ខាងកើត​និង​ខាងលិច ដែល​លំអ​ដោយ​នាគ​ញី​ឈ្មោល​មួយគូ​រលូន​អម​សងខាង​ផ្លូវ ។ តែ​ឥឡូវនេះ ត្រូវ បាន​បាក់បែក​សឹងតែ​ទាំងអស់ គ្រាន់តែ​បន្សល់​នៅ​ក្បាល និង​ដងខ្លួន​មួយចំនួន​ដែល​រិច​រិល​ប៉ុណ្ណោះ​។ រីឯ​ចម្លាក់ លំអ​ទាំងឡាយ​នៅតាម​ជញ្ជាំង​នៃ​ខឿន ត្រូវបាន​ខូចខាត​ទាំងអស់ លើកលែងតែ​ថ្ម​មួយ​ដុំ​នៅលើ​ជញ្ជាំង​ខាងត្បូង នៅ​ថ្នាក់​ទី​៤ ឆ្លាក់​រូប​យក្ខ​ដែល​សេសសល់ ។​ ​ដូច​ពោល​ខាងលើ ប្រាសាទបាគង​គឺជា​ប្រាសាទភ្នំ​មាន​រាង​ជា​សាជី ស្ថិតក្នុង​កំពែង​ទី​៣ គឺ​ប្រាសាទភ្នំ ដែល ដូច​ពោល​ខាងលើ តំណាង​ឲ្យ​ភ្នំ​សុមេរុ នៅ​ចំ​កណ្តាល​ទ្វីប​ទាំង ៥ ដែល​នៅទីនេះ​តំណាង​ដោយ​ថ្នាក់​ទាំង ៥​នៃ ប្រាសាទ ។

 សូមជម្រាបថា ថ្នាក់​ទាំង ៤ ផ្នែក​ខាងក្រោម​គឺ តំណាង​ឲ្យ​ភព​ទាំង ៤ នៃ​ចក្រ​វា​ឡ ដែលមាន​តាំង​រូប​គ្រុឌ យក្ស និង នាគ​ជាដើម នៅ​គ្រប់មុខ​ប្រាសាទ​ទាំង ៤ ទិស តាំងពី​ថ្នាក់ក្រោម​រហូតដល់​ថ្នាក់លើ ។ រីឯ​ថ្នាក់​ទី ៥ គឺជា ទេវស្ថាន​ឬ​ឋាន សួគ៌​តំណាង​ដោយ​ប្រាង្គ​កណ្តាល ដែល​ត្រូវបាន​គេ​ចាត់ទុកថា ជា​ភ្នំ​សុមេរុ​ផ្ទាល់ ។​ ​យើង​ឃើញ​មាន​ប្រាសាទ​ឥដ្ឋ​ចំនួន ៨ ស្ថិត​ជុំវិញ​ប្រាសាទ​ផ្នែក​ខាងក្រោម ។ នៅលើ​បាទ​ដ្ឋា​ន​យើង​ឃើញ មាន​ជណ្តើរ​នៅ​គ្រប់​អ័ក្ស ។ ជណ្តើរ​ទាំងនោះ នាំ​សាសនិកជន​ទៅកាន់ ទីលាន​នៃ​ថ្នាក់​នីមួយៗ បន្តបន្ទាប់​លើ​គ្នា ពិសេស​ទៅកាន់​ប្រាង្គ​កណ្តាល​ដែលជា​កន្លែង​ស័ក្តិ​សិទ្ធ​ជាងគេ​បំផុត​។ មើល​ពី​ចំងាយ​តួ​ប៉ម​កណ្តាល​នេះ​ផុស​ឡើង​ផុតពី​ដំបូល​សំណង់ ប្រាសាទតូចៗ នៅ​ជុំវិញ​ធ្វើ​អំពី​ថ្ម ដែលជា​ប្រាសាទ​ឧបសម្ព័ន្ធ​។ ដូចនេះ ប្រាសាទ​របស់​យើង ត្រូវបាន​សាងសង់ឡើង តាម​លោកធាតុ​វិទ្យា​ឥណ្ឌូ​-​ខ្មែរ តំណាង​ឲ្យ​ភ្នំ​ព្រះ​សុមេរុ ហើយ​គឺជា​និមិត្តរូប​នៃ​ចក្រ​ក្រ​វា​ឡ ។​ ​សូម​រំលឹក​ឡើង​ថា គឺ​នៅក្នុង​ប្រាង្គ​កណ្តាល​ខាងលើ​នេះហើយ ដែល ក្នុង​អតីតកាល ព្រះបាទ​ឥន្ទ្រ​វរ្ម័នទី​១ បាន​កសាង​ព្រះ​វិស្ណុ​មួយអង្គ ដៃ​៨ ព្រមទាំង​លិង្គ​រាជ្យ​មួយ​ឈ្មោះថា ស្រី​ឥន្ទ្រ​ស្វរៈ ដើម្បី​ជា​និមិត្តរូប​នៃ​សម័យកាល របស់​ទ្រង់ ។ តាម​ខ្លឹមសារ​សិលាចារឹក ដែល​គេ​បាន​រកឃើញ​នៅ​ឆ្នាំ​១៩៣៥ យើង​ដឹង​ទៀតថា ការកសាង​បារាយណ៍​មួយ​យ៉ាង​ធំ​ឈ្មោះថា ឥន្ទ្រា​ត​ត្ត​កៈ ដើម្បី​ផ្តល់​ទឹក​សម្រាប់​វិស័យ​កសិកម្ម ៕ (​ម​.​ត្រា​ណេ​)

No comments:

Post a Comment