***** មនុស្សគម តឿ *****
នៅប្រាសាទខ្មែរមួយចំនួន ជាពិសេសប្រាសាទតាណៃ ដែលត្រូវបានកសាងឡើងក្នុងរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី៧ ហើយឧទ្ទិសចំពោះព្រះពុទ្ធសាសនាមហាយាននោះ យើងបានឃើញនូវវត្តមាននៃចម្លាក់តំណាងឲ្យមនុស្សតឿនៅខាងមុខក្លោងទ្វារចូលកាន់ប្រាសាទ ។ អ្វីដែលគួរកត់សម្គាល់នៅទីនេះ គឺថា វត្តមានរបស់ចម្លាក់ មនុស្សគមតឿបែបនេះ ក៏ត្រូវបានជួបប្រទះនៅក្នុងបរិវេណនៃប្រាសាទកោះកេរ ដែលជាស្នាព្រះហស្ថរបស់ព្រះបាទជ័យវរ្ម័នទី៤ ពោលគឺនៅក្នុងស.វទី១០នៃគ.ស ។ ជាទូទៅ ទេវរូបខាងលើនេះ ស្លៀកសំពត់ចងក្បិនខ្លីមួយនៅចង្កេះ ស្ថិតក្នុងឥរិយាបថអង្គុយ ជង្គង់លុតមួយទាបមួយខ្ពស់ ។ ថ្វីត្បិតតែដៃទាំងពីរ ត្រូវបានបាត់បង់ក្តី ក៏ប៉ុន្តែយើងអាចដឹងថា ស្ថិតក្នុងឥរិយាបថសំពៈ ឬអង្វរក ។ បើសំអាងលើទេវកថាវិទ្យាបែបព្រាហ្មណ៍និយម យើងអាចដឹងថា ចម្លាក់មនុស្សតឿខាងលើនេះ គឺជាអវតាររបស់ព្រះវិស្ណុយ៉ាងប្រាកដ ។
គឺក្នុងបរិបទនេះហើយ ទើបមនុស្សគមត្រូវគេចាត់ទុកជាអច្ឆរិយបុគ្គល គួរជាទីពឹងពាក់សម្រាប់ពុទ្ធសាសនិកជិតឆ្ងាយទាំងឡាយ ក្នុងការស្វែងរកបុណ្យបារមីនៅទេវស្ថាន ។ ដោយហេតុថា តាមរយៈការបន់ស្រន់ ឬធ្វើអំណោយទានចំពោះទេវរូបនេះ ពួកគេអាចនឹងបង្កើតនូវទឹកចិត្តជ្រៈថ្លា កុសលទាន ។ ឆ្លៀតឱកាសនេះ សូមរំលឹកផងដែរថា រហូតដល់សព្វថ្ងៃ តាមរយៈអត្ថបទអក្សរសាស្ត្រខ្មែរមួយចំនួន ភាពពិការរបស់មនុស្សខ្លះ ក្នុងក្រសែភ្នែករបស់អ្នកស្រុកខ្មែរមួយចំនួន មិនត្រូវបានគេចាត់ទុកថា ភាពពិការគឺជាបាតុភូតធម្មជាតិទេ ក៏ប៉ុន្តែជាលទ្ធផលនៃការចាប់ជាតិរបស់ទេពតា ឬ ជាបាបកម្មទៅវិញ ដូចករណីរឿងព្រហ្មកិលជាដើម ដែលជាភ័ស្តុតាងដ៏ជាក់ស្តែងមួយ ក្នុងបណ្តាភ័ស្តុតាងផ្សេងៗឯទៀត ៕ (ម.ត្រាណេ)
No comments:
Post a Comment