ឈ្មោះ «ព្រៃនគរ» ព្រះមហាក្សត្រខ្មែរព្រះបាទ ឥន្ទ្រ វរ្ម័ន ទី ២
ដាក់ឱ្យកាលពីឆ្នាំ ១១៩០ នៃគ្រិស្តសករាជ
ទីក្រុងព្រៃនគរត្រូវបានគេស្គាល់ថាជាគុជពណ៌ទឹកក្រូច
ដែលមានដើមកំណើតចេញពីទីក្រុងបៃហ្គ័រ «Bai Gaur» ជាឈ្មោះភាសាចម្ប៉ា
ស្ថិតនៅភាគខាងត្បូងនៃប្រទេសចម្ប៉ាដែលគេហៅថា ទន្លេដុងណៃ ។
ទីក្រុងព្រៃនគរ
គឺជាដែនដីដ៏ពិសិដ្ឋរបស់ខ្មែរនៅក្នុងសម័យកាលរបស់ហ្វ៊ូណន
ដែលពេលនោះមានកំពង់ផែអូកែវជាចំណុចប្រសព្វនៃផ្លូវពាណិជ្ជកម្មរវាងចិន
និងឥណ្ឌា ។
ប៉ុន្ដែឈ្មោះទីក្រុងព្រៃនគរនេះទើបតែត្រូវបានដាក់ឈ្មោះដោយព្រះបាទឥន្ទ្រវរ្ម័នទី
២ បន្ទាប់ពីព្រះអង្គយាងទៅគ្រប់គ្រងនៅនគរចម្ប៉ានៅឆ្នាំ ១១៩០
គ.ស. ហើយនៅពេលនោះព្រះអង្គ បានកសាងរាជធានីមួយហៅថា
«ក្រុងព្រៃនគរ» ព្រោះជាកន្លែងសម្បូរទៅដោយដើមគរ
ហើយក៏ជាទីប្រសព្វនៃទន្លេជាច្រើនសម្រាប់តភ្ជាប់មកទន្លេចតុមុខនិងអង្គរផងដែរ
។ ឈ្មោះទីក្រុងព្រៃនគរបានរក្សាជាប់គង់វង្សអស់ជាច្រើនសតវត្សរ៍
រហូតមកដល់សតវត្សរ៍ទី ១៧
ទើបទីក្រុងនេះបានធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់ដាយវៀត
រួចក៏ផ្លាស់ប្ដូរឈ្មោះពីទីក្រុងព្រៃនគរទៅជាទីក្រុងហ្សាឌីង ។
ប៉ុន្ដែទោះបីដាយវៀតបានផ្លាស់ប្ដូរឈ្មោះទីក្រុងព្រៃនគរក៏ដោយ
ក៏ទីក្រុងនេះនៅតែរក្សាបាននូវអត្ថន័យដើមដដែល
ព្រោះថាក្រុងព្រៃនគរមកពីភាសាខ្មែរថា «ព្រៃគរ» មានន័យថា
នៅតំបន់នោះពោរពេញទៅដោយដើមគរដុះជាច្រើន ។
ដូច្នេះបើតាមទម្លាប់របស់ប្រជាពលរដ្ឋខ្មែរ
ឱ្យតែមានរុក្ខជាតិអ្វីដុះជាច្រើននៅតំបន់ណាមួយ
គេតែងតែហៅឈ្មោះតំបន់នោះទៅតាមឈ្មោះរុក្ខជាតិ
ដូចជាបឹងដែលមានដើមកក់ដុះច្រើនគេហៅថា «បឹងកក់» ។
ដូច្នេះតំបន់នោះមានដើមគរដុះជាច្រើនទើបគេហៅថាព្រៃគរ ឬ
ព្រៃដើមគរ ។ ប៉ុន្ដែក្រោយមកតំបន់នោះ ត្រូវបានព្រះបាទឥន្ទ្រវរ្ម័នទី
២ យកមកធ្វើជាទីក្រុងដោយហៅថា «ក្រុងព្រៃនគរ
ហើយយូរៗទៅក្លាយទៅជាទីក្រុងព្រៃនគរ» ។
បន្ទាប់មកនៅពេលស្ដេចង្វៀនគ្រប់គ្រងទីក្រុងព្រៃនគរក៏បានប្ដូរឈ្មោះដោយយកតាមភាសាម៉ាឡេហៅថា
«ទីក្រុងហ្សាឌីង”នេះបើយោងតាមឯកសារប្រវត្តិសាស្ដ្រវៀតណាមបានលើកឡើងថា៖”ហ្សាឌីង
គឺមកពីពាក្យម៉ាឡេ Gia: Ya”ភាសាម៉ាឡេ”: ទឹកឬទន្លេហើយពាក្យ
Dinh: Digin ( ភាសាម៉ាឡេ : ត្រជាក់ , ថ្លា )
ដូច្នេះពាក្យហ្សាឌីងមានន័យថា «ទីក្រុងដែលមានទន្លេទឹកត្រជាក់ ។
ក្រោយមកទីក្រុងព្រៃនគរ ( ហ្សាឌីង ) ត្រូវបានប្ដូរឈ្មោះទៅជាទីក្រុង
សៃហ្គន ( Saigon ) ដែលពាក្យនេះយកតាមភាសាចិន គឺមកពីពាក្យ Sai :
អូសឬព្រៃ , Gon: គរឬកប្បាស ។ ដូច្នេះពាក្យសៃហ្គន «Saigon»
មានន័យថាព្រៃសម្បូរទៅដោយដើមគរ ។
ដូច្នេះបើយោងទៅតាមភាសាចិនហៅថា
«សៃហ្គន» នេះ គឺស្របទៅនឹងភាសាខ្មែរហៅថា «ព្រៃគរ ឬ ព្រៃនគរ» ។
ការបាត់បង់ក្រុងព្រៃនគរគឺជាការខាតបង់ដ៏ធំធេងរបស់ខ្មែរព្រោះបានបាត់បង់ផ្លូវពាណិជ្ជកម្មដ៏សំខាន់មួយ
ហើយអ្វីដែលកាន់តែសំខាន់ជាងនេះទៅទៀតនោះគឺដាយវៀត
បានប្រើប្រាស់តំបន់នេះធ្វើជាមូលដ្ឋានរដ្ឋបាល យោធា និង
សេដ្ឋកិច្ចរបស់ខ្លួន ក្នុងការឈានមកយកទឹកដីខ្មែរជាបន្ដបន្ទាប់ទៀត
ដូចជាដាយវៀតចូលមកគ្រប់គ្រងនៅខេត្តបារៀង ឆ្នាំ ១៦៥៨ ,
ក្រុងព្រៃនគរឆ្នាំ ១៦៩៨ , ខេត្តមីថូ និង ខេត្តវីងឡុង ឆ្នាំ ១៧៣១
ខេត្តទ្រាំងឆ្នាំ១៧៤៧ និង ខេត្តផ្សារដែក ( ចូវដុក ) នៅឆ្នាំ ១៧៥៧ ។
ការដែលដាយវៀតចូលមកកាន់កាប់ខេត្តទាំងអស់នេះ
ពុំមានការបង្ហូរឈាមអ្វីទេ
គឺខ្មែរចេះតែដកថយទៅទិសខាងលិចរហូតទៅដល់ខេត្តតាយនីញ ។
បើយោងតាមកំណត់ត្រាប្រវត្តិសាស្ដ្រខ្មែរបានលើកឡើងថា
ដាយវៀតបានបង្ខំឲ្យស្ដេចខ្មែរទទួលយកជនជាតិដាយវៀតទាំងឡាយ
ដែលរត់គេចខ្លួនពីការចាប់ចងឬមករស់នៅលើទឹកដីខ្មែរ
ត្រូវទទួលបានសិទ្ធិកាន់កាប់ដីធ្លីដោយស្របច្បាប់។
ក្រោយមកដាយវៀតចេះតែបន្ដការឈ្លានពានវាតទីយកទឹកដីខ្មែរជាបន្ដបន្ទាប់
ដូចជាការសង់បន្ទាយនៅផ្សារដែក ( សាដែក ) នៅ គូឡាវយ៉ាង ( កោះតេង )
និង ចូវដុក ( មាត់ជ្រូក ) ។ល។ ក្រោយពេលរាជវង្សង្វៀន
បានឡើងគ្រងរាជ្យ សៀមបានលើកទ័ពទ្រង់ទ្រាយធំ មកវាយខ្មែរដោយមាន
កងទ័ពជើងគោក ចំនួន៥ម៉ឺននាក់ កងទ័ពជើងទឹកចំនួន២ម៉ឺននាក់
ចូលមកតាមច្រកហាទៀង តែស្របពេលនោះមេទ័ពសៀម
មានជម្ងឺគ្រុនក្ដៅក៏បានដកថយតាមសំពៅទៅមុនហើយកងទ័ពដកចេញទៅតាមក្រោយ
។
ចាប់ពីពេលនោះមកសៀម
ពុំមានការវាយប្រហារមកលើកម្ពុជាទៀតទេរហូតដល់ឆ្នាំ ១៧៧១ និង ឆ្នាំ
១៧៧៣ ទើបសៀមលើកកងទ័ពមកឈ្លានពានខ្មែរជាបន្ដបន្ទាប់ទៀត
ប៉ុន្ដែរដ្ឋាភិបាលក្រុងវ៉េបញ្ជាឱ្យឧត្តមសេនីយ៍«ដាំ»
ជំនួសឧត្តមសេនីយ៍«ខយ» លើកកងទ័ពចំនួន ១ ម៉ឺននាក់
រួមទាំងទូកសំពៅចម្បាំងចំនួន ៣០
ឡើងតាមដងទន្លេមេគង្គមកវាយកងទ័ពសៀមនៅជាយក្រុងភ្នំពេញ
ពេលនោះមេទ័ពសៀម ភ្យាតាក បានដកកងទ័ពថយទៅវិញ
ហើយស្វែងរកការចរចាសន្ដិភាពជាមួយក្រុងវ៉េ នៅឆ្នាំ១៧៧៤
ប្រទេសទាំងពីរបានចុះសន្ធិសញ្ញារួមគ្នាមួយ
ដោយសៀមទទួលស្គាល់ឲ្យដាយវៀតគ្រប់គ្រងតំបន់ទន្លេមេគង្គផ្នែកខាងកើតនិងផ្នែកខាងលើ
ចំណែកសៀមគ្រប់គ្រងនៅផ្នែកខាងលិចទន្លេមេគង្គ ហើយរហូតមកដល់ឆ្នាំ
១៧៨០ កងទ័ពដាយវៀតបានចូលមកក្នុងទឹកដីខ្មែរយ៉ាងជ្រៅ
រហូតបានគ្រប់គ្រងនៅឧបទ្វីបកាម៉ៅ «ទឹកខ្មៅ» ទាំងមូល ។
ការបែងចែកទឹកដីខ្មែររវាងសៀមនិងយួននៅសតវត្សត៍ទី ១៨
មិនបានសម្រេចដោយសារតែចរន្ដរ៍នយោបាយផ្ទៃក្នុងរបស់ដាយវៀត
ព្រោះនៅកំពុងធ្វើការចរចាជាមួយសៀមមិនទាន់បានដាច់ស្រេចផង
ក៏មានក្រុមចលនាតស៊ូតៃសឺង
ធ្វើការបះបោរបំបែករដ្ឋប្រឈាំងទៅនឹងដាយវៀតយ៉ាងខ្លាំងក្លា
ដូច្នេះសង្គ្រាមផ្ទៃក្នុងរបស់ដាយវៀតបានផ្ទុះឡើងជាបន្ដបន្ទាប់
ហេតុនេះហើយធ្វើឲ្យស្ដេចង្វៀន
ងាកចេញពីកម្ពុជាទៅទប់ទល់ជាមួយពួកតៃសឺង ។ ចំណែកនៅប្រទេសសៀមវិញ
កងទ័ពភូមាបានវាយប្រហារជាបន្ដបន្ទាប់ ដូច្នេះស្ដេចង្វៀននិងសៀម
បានខកខានលើការបែងចែកទឹកដីខ្មែរ
ដោយសារការបះបោររបស់តៃសឺងនិងការឈ្លានពានរបស់ប្រទេសភូមាទៅលើសៀម ។
ចំណែកការបះបោររបស់តៃសឺង
បានធ្វើឲ្យសង្គ្រាមផ្ទុះឡើងអស់រយៈពេលជាច្រើនឆ្នាំ
ធ្វើឲ្យស្ដេចង្វៀនមិនអាចទប់ទល់បានដោយសារកងទ័ពតៃសឺងបានចូលទៅកាន់កាប់ទីក្រុងធំៗជាបន្ដបន្ទាប់រហូតមកដល់ឆ្នាំ
១៧៨៦ កងទ័ពតៃសឺងចូលទៅកាន់កាប់ទីក្រុងហាណូយនិងក្រុងព្រៃនគរ
ហើយរជ្ជកាលរបស់ស្ដេចង្វៀនក៏ត្រូវបានបញ្ចប់។
ប៉ុន្ដែព្រះអង្គម្ចាស់អានបានរត់មកជ្រកកោនក្នុងទឹកដីខ្មែរកោះត្រល់
ហេតុនេះហើយធ្វើឲ្យសន្ធិសញ្ញាបែងចែកទឹកដីខ្មែររវាងសៀមនិងយួនសតវត្សរ៍ទី១៨នោះត្រូវបរាជ័យ
។
បើយោងទៅតាមប្រវត្តិសាស្ដ្រវៀតណាម បានលើកឡើងថា «នៅខែមករាឆ្នាំ
១៧៨៥ សៀមបានផ្ដល់កងទ័ពចំនួន ២ ម៉ឺននាក់ និង នាវា ៣០០
គ្រឿងថ្វាយព្រះអង្គម្ចាស់ ង្វៀនអាន ដើម្បីវាយប្រហារពីរមុខព្រួញ
នៅលើកងទ័ពបះបោរតៃសឺងនៅក្នុងទឹកដីកម្ពុជា
ដោយឆ្លងកាត់តាមឈូងសមុទ្រសៀម ។
ប៉ុន្ដែកងទ័ពតៃសឺងបានត្រៀមលក្ខណៈរួចចាស្រេចរង់ចាំវាយប្រហារស្ទាក់នៅកណ្ដាលផ្លូវតាមដងទន្លេមេគង្គហើយបានកម្ទេចនាវារបស់កងទ័ពសៀម
ព្រមទាំងបានសម្លាប់កងទ័ពងអស់ជាច្រើន
រួមទាំងកងទ័ពរបស់ព្រះអង្គម្ចាស់ង្វៀនអានផងដែរ
ធ្វើឲ្យកងទ័ពសៀមដកថយទៅ វិញអស់ ។ ចំណែកព្រះអង្គម្ចាស់ង្វៀនអាន
បានភៀសព្រះកាយមកនៅលើកោះត្រល់របស់ខ្មែរតាំងពីឆ្នាំ១៧៧៧
ក្នុងអំឡុងពេលមានសង្គ្រាមជាមួយក្រុមបះបោរតៃសឺង ។
ព្រះអង្គម្ចាស់ង្វៀនអានក៏ធ្លាប់បានយាងមកក្រុងឧត្តុង្គ
ដើម្បីសុំជំនួយពីចៅហ្វ៊ាបែនឲ្យបញ្ចូនកងទ័ពទៅជួយវាយកងទ័ពបះបះបោរតៃសឺងឲ្យចេញព្រៃនគរ
។ នៅត្រង់ចំណុចនេះ
បើយោងតាមឯកសារប្រវត្តិសាស្ដ្រខ្មែរគឺជាស្ដេចសៀមបញ្ជាឲ្យចៅហ្វ៊ាបែន
លើកកងទ័ពទៅជួយព្រះអង្គម្ចាស់ង្វៀនអានក្នុងការកម្ចាត់ពួកបះបោរតៃសឺង
ប៉ុន្ដែត្រូវបរាជ័យ ។ នៅពេលភៀសព្រះកាយមកដល់កោះត្រល់
ទ្រង់បានជួបជាមួយបេសកជនបារាំងឈ្មោះពិជនូ ឌឺ បេហីន
ដែលបានមកដល់កោះត្រល់តាំងពីឆ្នាំ ១៧៦៥ រហូតដល់១៧៧៧
ហើយក៏មានទំនាក់ទំនងជាមួយព្រះអង្គម្ចាស់ង្វៀនអាន
ដែលបានភៀសព្រះកាយមកស្នាក់នៅលើកោះត្រល់នោះដែរ ។
បន្ទាប់មកលោកពិជនូ ឌឺ បេហីនបានណែនាំឲ្យព្រះអង្គម្ចាស់ង្វៀនអាន
រួមជាមួយព្រះរាជបុត្រាព្រះនាមង្វៀនកាន់
ស្នើសុំចូលគាល់ព្រះចៅអធិរាជបារាំង លីសទី ១៦ «LOUIS XVI»
ដើម្បីស្នើសុំជំនួយពីបារាំង
ហើយបើយោងតាមកំណត់ត្រាឯកសារប្រវត្តិសាស្ដ្រវៀតណាម
បានបញ្ជាក់ថាការសម្របសម្រួលរបស់បេសកជនបារាំងរូបនោះ
បានចំណាយពេលរហូតមកដល់ឆ្នាំ ១៧៨៥ ទើបលោកពិជនូ ឌឺ បេហីន
បានបញ្ចុះបញ្ចូលព្រះចៅអធិរាជបារាំង ល្វីសទី ១៦
ឱ្យង្វៀនអាននិងព្រះរាជបុត្រាចូលគាល់ដើម្បីស្នើសុំជំនួយយោធាពីបារាំង
។ ដូច្នេះនៅថ្ងៃទី ២៨ ខែវិច្ឆិកាឆ្នាំ ១៧៨៧ រដ្ឋមន្ដ្រីការបរទេសបារាំង
កំឌឺម៉ុងម៉ូរីន បានចុះសន្ធិសញ្ញាជាមួយព្រះអង្គម្ចាស់ង្វៀនអាន
ក្នុងការផ្ដល់កងទ័ពបារាំងចំនួន ១.៦៥០ នាក់
ឱ្យជូនព្រះអង្គម្ចាស់ង្វៀនអានមកកោះត្រឡាច «Poulo Condore» និង
នៅកំពង់ផែទូរ៉ាន ។ ក្រោយពីមានជំនួយពីរដ្ឋាភិបាលបារាំង
រួមទាំងកងទ័ពបារាំងផងនោះព្រះអង្គម្ចាស់ង្វៀនអាន
អាចផ្ដួលរំលំក្រុមបះបោរតៃសឺងបានដោយជោគជ័យ ។
បន្ទាប់មកឡើងគ្រងរាជ្យក្នុងព្រះបរណនាមព្រះចៅយ៉ាឡុង នៅថ្ងៃទី ១
ខែមិថុនា ឆ្នាំ ១៨០២
ព្រមទាំងបានផ្លាស់ប្ដូរទីក្រុងទៅទីទីក្រុងវ៉េវិញ ។
ក្រោយពីបានឡើងគ្រងរាជ្យព្រះចៅយ៉ាឡុង
បានធ្វើការផ្លាស់ប្ដូររាជាណាចក្រដាយវៀតទៅជាវៀតណាមវិញ ។
នៅក្នុងរជ្ជកាលរបស់ស្ដេចយ៉ាឡុងនេះដែរ
បានផ្ដោតសំខាន់ទៅលើការកសាងកម្លាំងយោធាឲ្យបានខ្លាំងក្លា
នេះបើយោងតាមឯកសារប្រវត្តិសាស្ដ្រវៀតណាមបានលើកឡើងថា
«នៅទសវត្សរ៍ឆ្នាំ ១៨០០
ព្រះចៅង្វៀនអានបានពង្រឹងវិស័យកងទ័ពរបស់ខ្លួន រហូត ១៤.០០០នាក់
បែងចែកទៅតាមផ្នែកនីមួយៗ ដូចជាកងទ័ពជើងគោកមានចំនួន ១១៣.០០០ នាក់
កងទ័ពជើងទឹកមានចំនួន ២.៦៨០ នាក់ សរុបទាំងអស់មានចំនួន ១៣៩.៨០០នាក់…»
។ យើងឃើញហើយថា ការពង្រីកវិស័យយោធារបស់ស្ដេចយ៉ាឡុង
ក៏ដោយសារកំណើនប្រជាជនវៀតណាម
ចេះតែកើនឡើងច្រើនទៅៗធ្វើឱ្យវៀតណាមចេះតែពង្រីកទឹកដីចូលមកម្ពុជាកាន់តែជ្រៅទៅៗជាបន្ដបន្ទាប់
។ មានប្រជាពលរដ្ឋខ្មែរក្រោមជាច្រើនរស់នៅក្នុងទឹកដីកូស័ងស៊ីន
ត្រូវបានវៀតណាមបង្ខំឱ្យចាកចេញពីទឹកដីកេរដូនតារបស់ខ្លួន ។
ក្រោយពីរំដោះប្រទេសឲ្យបានឯករាជ្យឡើងវិញ
ព្រះចៅយ៉ាឡុងចាប់ផ្ដើមឈ្លានពានប្រទេសកម្ពុជាពីឆ្នាំ ១៨១១
ដល់ឆ្នាំ ១៨១២ ធ្វើឱ្យមានសង្គ្រាមរវាងវៀតណាម និង សៀម
ក្នុងការដណ្ដើមគ្នាគ្រប់គ្រងលើទឹកដីខ្មែរកើតឡើងជាបន្ដបន្ទាប់
ហើយបញ្ហានេះបានធ្លាក់ទៅក្នុងស្ថានភាពកាន់តែធ្ងន់ធ្ងរទៅៗ
នៅត្រឹមរជ្ជកាលរបស់ស្ដេចអង្គចន្ទ និង ក្សត្រីយ៍ អង្គម៉ី
ដែលវៀតណាមបានគ្រប់គ្រងមកលើកម្ពុជាទាំងស្រុងទៅហើយ ៕
ប្រភព: ខ្មែរអប្សរាដេលី
No comments:
Post a Comment