វត្តមាននៃរទេះគោ មាននៅក្នុងប្រទេសឥណ្ឌា នាសម័យវេទនិយម ពោលគឺរវាង
១៧០០ឆ្នាំមុនគ.ស នេះបើតាមឯកសារសំណេរដៃមួយចំនួនដូចជា
គម្ពីរមនោគមវិជ្ជាសាសនា និងក្បួនបច្ចេកទេស
ដូចជាក្បួនសង្គ្រាមសាស្ត្រជាដើម។ នៅក្នុងប្រទេសឥណ្ឌា នាសម័យនោះ
គេឃើញមានរទេះពីរប្រភេទ គឺរទេះគោសម្រាប់ដឹកជញ្ជូន
និងរទេះសេះសម្រាប់ធ្វើសឹកសង្គ្រាម។ រទេះទាំងពីរប្រភេទខាងលើនេះ
ត្រូវបានគេឆ្លាក់នៅលើថ្មចាប់តាំងពីឆ្នាំ ១២៥នៃគ.ស មក។
លក្ខណៈសម្បត្តិរបស់រទេះឥណ្ឌា គឺ
ថ្វីត្បិតតែទម្រង់បានផ្លាស់ប្តូរតាមសម័យកាលក៏ដោយ
ក៏ប៉ុន្តែវានៅតែប្រើកង់ពីរដូចបុព្វសម័យដដែល។
ស្ថិតក្រោមឥទ្ធិពលវប្បធម៌ឥណ្ឌា ជនជាតិខ្មែរក្នុងអាណាចក្រនគរភ្នំ
ក៏បានខ្ចីយានជំនិះនេះពីពួកឥណ្ឌា
ចាប់តាំងពីដើមសតវត្សរ៍ទី១នៃគ.សម្ល៉េះ។ ហេតុនេះ
ការប្រើប្រាស់រទេះគោ ឬក្របី
បានផ្តើមឡើងចាប់តាំងពីសតវត្សរ៍ទី១នៃគ.ស
និងបន្តរហូតដល់បច្ចុប្បន្ន។ នាសម័យបុរេអង្គរ ក៏ដូចជាសម័យអង្គរដែរ
រទេះគោខ្មែ បានបំពេញតួនាទីយ៉ាងសំខាន់បំផុតក្នុងសង្គមខ្មែរ
មិនគ្រាន់តែផ្នែកសង្គមកិច្ចតែប៉ុណ្ណោះទេ
ក៏ប៉ុន្តែពាក់ព័ន្ធទៅនឹងវិស័យជំនឿសាសនាផងដែរ។
តាមរយៈចម្លាក់ប្រាសាទអង្គរវត្ត នាសតវត្សរ៍ទី១២នៃគ.ស
យើងអាចឃើញយ៉ាងច្បាស់ថា រទេះសេះដែលព្រះបាទសុរិយាវរ្ម័នទី២
ប្រថាប់ពីលើនោះ គឺជាសញ្ញាតំណាងនូវព្រះអាទិត្យ ឬព្រះសុរិយា
ដែលជានិមិត្តរូបនៃសន្តតិវង្សរបស់ទ្រង់។
ម្យ៉ាងវិញទៀត
ក្នុងការសម្តែងក្បួនរទេះ ដូចជាក្នុងរឿងរាមកេរ្តិ៍ មហាភារតៈ
ឬក៏ក្នុងជាតកបែបពុទ្ធនិយម គេក៏ឃើញមានការនិយមនូវរទេះសេះដែរ។
រទេះគោ និងសេះ
ត្រូវបានជនជាតិខ្មែរពេញនិយមក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៧
នេះបើយើងពិនិត្យលើវិស័យបដិមាសាស្ត្របុរាណ។
ការស្រាវជ្រាវខាងបុរាណវិទ្យារបស់យើងបានបញ្ជាក់ឲ្យដឹងថា
ក្នុងវប្បធម៌ខ្មែរបែបព្រាហ្មញ្ញសាសនា កង់រទេះ ឬកងចក្រ
គឺជាអាវុធស័ក្តិសិទ្ធិរបស់ព្រះនរាយណ៍
ហើយវាក៏ជាសញ្ញាតំណាងនូវពេលវេលា ដូចជាខែ
និងរដូវដែលមានក្នុងមួយឆ្នាំ ឬក៏ចំនួនថ្ងៃទាំង ៣៦៥ថ្ងៃ។
ទន្ទឹមនឹងនេះដែរ កងចក្រក៏ជាអាវុធរបស់ព្រះអាទិទេព
និងស្តេចចក្រវាឡផងដែរ។ ក្នុងលទ្ធិព្រះពុទ្ធសាសនាវិញ
គេឃើញមានធម្មចក្រដែលមានអត្ថន័យប្រហាក់ប្រហែលដូចខាងលើនេះដែរ។
កងចក្រតំណាងនូវធម្មទេសនាដំបូងបង្អស់របស់ព្រះពុទ្ធអង្គ
ក្នុងឧទ្យានលម្ពិនី ដោយមានភារកិច្ចអភិវឌ្ឍន៍ព្រះឱវាទ
ឬព្រះវិន័យរបស់ព្រះបរមគ្រូនៃយើង។ ដូចនេះ
ជនជាតិខ្មែរបានស្គាល់រទេះគោ និងនិមិត្តរូបរបស់វាយ៉ាងច្បាស់លាស់
តាំងតែពីសម័យបុរេអង្គរ ជាពិសេសក្នុងសម័យវប្បធម៌នគរភ្នំ
ដូចជាសំណល់កង់រទេះ នៅកម្ពុជាក្រោម
និងវត្ថុជាច្រើដែលគេបានជួបប្រទះជាសក្ខីភាពស្រាប់។ ជាក់ស្តែង
តាំងពីដើមសតវត្សរ៍ទី១ រហូតដល់សព្វថ្ងៃ
រទេះគោនៅតែពេញនិយមក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើង
ដូចជាវត្តមានរបស់កាក់
ដែលមានឆ្លាក់មនុស្សជិះពីលើនៅទីក្រុងអង្គរបុរីស្រាប់។ ម្យ៉ាងវិញទៀត
គេក៏បានរកឃើញនូវដុំនៃរទេះគោមួយចំនួន
ធ្វើពីឈើនៅក្នុងតំបន់ដែនដីសណ្តរកម្ពុជាក្រោមដែរ។
ក៏ប៉ុន្តែអ្វីដែលអស្ចារ្យនោះ
គឺសេះត្រូវបានប្រើប្រាស់តាំងពីមុនសម័យនគរភ្នំម្ល៉េះ
ដូចករណីចម្លាក់លើចិញ្ចៀននៅស្ថានីយព្រះវិហារ
នៅខេត្តព្រៃវែងជាសក្ខីកម្មស្រាប់៕ ប្រភព(ម.ត្រាណេ)
No comments:
Post a Comment